កញ្ញា ស៊ូ ហ្ស៊ូលីដា ជាបេក្ខនារីតែមួយរូបគត់ តំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធី អ្នកដឹកនាំយុវជន ACWAY ក្នុងប្រទេសមូរ៉ាកូ​ (Morocco) ទ្វីបអាហ្រ្វិក និងប្រទេសអេស្ប៉ាញនៅអឺរ៉ុប។

មានវ័យត្រឹមតែ២៤ឆ្នាំ កញ្ញា ស៊ូ ហ្ស៊ូលីដា បានក្លាយទៅជាបេក្ខនារីតែមួយរូបគត់ តំណាងឲ្យប្រទេសកម្ពុជាទាំងមូលដែលត្រូវបានជ្រើសរើស ឲ្យជាប់ឈ្មោះចូលរួមកម្មវិធី អ្នកដឹកនាំយុវជន ACWAY ក្នុងប្រទេសមូរ៉ាកូ​ (Morocco) ទ្វីបអាហ្រ្វិក និងប្រទេសអេស្ប៉ាញនៅអឺរ៉ុបក្នុងចំណោមបេក្ខជនជាប់ឈ្មោះទាំង១០០នាក់ផ្សេងទៀត ដែលត្រូវបានចំរុះចេញពីបេក្ខភាពជាង៣៨០០នាក់ពីបណ្តាប្រទេសទាំង១៤៩ក្នុងពិភពលោក។

ACWAY (A Common Word AmongYouth) ជាខេមរភាសាមានន័យថា “ពាក្យជាទូទៅក្នុងចំណោមយុវជន”ដែលជាកម្មវិធីមួយបង្កើតឡើងសម្រាប់ប្រមូលផ្តុំយុវជនជុំវិញពិភពលោកដើម្បីរឹតបន្តឹងចំណងមិត្តភាពការយល់ដឹងផ្នែកសាសនា​ និងវប្បធម៌ចម្រុះជាតិសាសន៍។ពោលគឺកម្មវិធីចង់បង្កើតឲ្យមានទំនាក់ទំនងជាបណ្តាញរវាងក្រុមអ្នកដឹកនាំវ័យក្មេងមកពីជុំវិញសកលលោកទៅលើភាពសុខដុមរមនានៃអន្តរសាសនា។

ហ្ស៊ូលីដាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេសផ្នែកគរុកោសល្យពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងបរិញ្ញាបត្រផ្នែកធនាគារនិងហរិញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១៣។ ក្រោយពេលបញ្ចប់ការសិក្សាភ្លាមកញ្ញាក៏បានចូលបម្រើការងារជាសាស្រ្តាចារ្យពេញម៉ោងនៅវិទ្យាស្ថានភាសាបរទេសរយៈពេលមួយឆ្នាំផងដែរ។

អតីតមេដឹកនាំប្រតិភូកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤១ (SSEAYP)និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រូបនេះ បាននិយាយថា​ដើម្បីជាប់ក្នុងកម្មវិធី ACWAY នេះ បេក្ខជនមិនចាំបាច់ត្រូវមានសញ្ញាបត្រផ្នែកសាសនានោះទេ។ កម្មវិធីបានមើលឃើញនូវចំនុចខ្លាំងបីយ៉ាងដែលកញ្ញាមានដូចជា ប្រវតិ្តការសិក្សា (Academic Performance) សកម្មភាពក្រៅកម្មវិធីសិក្សា(Extra-Curriculum Activities) (ចំណង់ចំណូលចិត្តរបស់នាងក្នុងការចូលរួមសកម្មភាពរបស់យុវជនក្នុងការលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវសុខដុមនីយកម្មក្នុងសង្គម)និងវិធីសាស្រ្តក្នុងការឆ្លើយសំនួរ។​

កម្មវិធី ACWAY នឹងរ៉ាប់រងលើរាល់ការចំណាយផ្សេងៗដែលរួមមានដូចជា សំបុត្រយន្តហោះ ទិដ្ឋាការ​ការស្នាក់នៅ ម្ហូបអាហារ សំភារៈកម្មវិធីសិក្សា និងសកម្មភាពមួយចំនួនក៏ដូចជាដំណើរទស្សនកិច្ចផ្សេងៗដែរ។

ហ្ស៊ូលីដាក៏បានបង្ហើបអំពីគន្លឹះក្នុងការស្នើសុំចូលរួមកម្មវិធីថា​“បេក្ខជនទាំងអស់គួរតែមានប្រវត្តិការសិក្សាល្អការចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើន និងត្រូវមានការតាំងចិត្តក្នុងការបង្កើតនូវសុខសន្តិភាពនិងចំណងមិត្តភាពដើម្បីឲ្យមានភាពស៊ីមេទ្រីគ្នាជាមួយនឹងអ្វីដែលកម្មវិធីចង់បាន។” ACWAY ជាកម្មវិធីមួយដែលមានការឧបត្ថម្ភជាពិសេសក្នុងការផ្តល់ឳកាសដល់យុវជនក្នុងការធ្វើដំណើរទៅកាន់កន្លែងជាច្រើន ចូលរួមសន្និសីទអន្តរជាតិក៏ដូចជាការ​ចងមិត្តភាពជាមួយនឹងយុវជនដទៃផ្សេងទៀតមកពីជុំវិញពិភពលោក។

ហ្ស៊ូលីដា ត្រូវចំណាយពេលប្រមាណជា៤សប្តាហ៍ក្នុងការចូលរួមកម្មវិធីនេះ​គឺគិតចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ទើបត្រលប់មកប្រទេសកម្ពុជាវិញ។

ជំនួបប្រជុំយុវជននេះធ្វើឡើងភាគច្រើននៅក្នុងប្រទេសមូរ៉ាកូ(Morocco)ដែលអ្នកចូលរួមទាំងអស់នឹងបានស្គាល់គ្នាទៅវិញទៅមកសិក្សារៀនសូត្រអំពីការចរចាបែបសន្ដិភាព និងចែករំលែកមតិយោបល់ក្នុងការពិភាក្សា និងសន្និសីទអន្តរជាតិនោះ។

បន្ទាប់ពីនោះ នឹងមានដំណើរទស្សនកិច្ចសិក្សាមួយទៅកាន់ប្រទេសអេស្ប៉ាញក្នុងទ្វីបអឺរ៉ុប ដែលនៅទីនោះកញ្ញានឹងរៀបចំការសិក្សាស្រាវជ្រាវ ទស្សនកិច្ចសិក្សានិងទស្សនាអង្គការនានាដែលជាប់ពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថាកម្មវិធី ACWAYមានគោលគំនិតក្នុងការបង្ហាញពីភាពស្រុះស្រួលមួយនៃគ្រប់សាសនាទាំងឡាយក្នុងស្រទាប់យុវជនដែលជាអ្នកដឹកនាំវ័យក្មេងក្នុងការលើកកម្ពស់ការរួបរួមគ្នា សាមគ្គីភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងយុវជននៅពាសពេញពិភពលោកដែលមានជំនឿលើសាសនាផ្សេងៗគ្នា។

ទាក់ទងទៅនឹងការឆ្លើយសំណួរហ៊្សូលីដាបានបង្ហើបពីគន្លឹះមួយចំនួនថា បេក្ខជនត្រូវឆ្លើយសំណួរឲ្យចំៗគោលគំនិតដែលអ្នកចង់និយាយប្រកបដោយភាពស្មោះត្រង់និងផ្តល់នូវទឡ្ហីករណ៍ច្បាស់លាស់ណាមួយទាក់ទងទៅនឹងអ្វីដែលអ្នកបានអះអាង ដូចជាព័ត៌មានជាក់លាក់អំពីឈ្មោះនៃអង្គការ សា្ថប័ន ឬក៏ព្រឹត្តិការណ៍កម្មវិធីណាមួយដែលអ្នកបានចូលរួម។

ដំនើរការនៃការស្នើសុំចូលរួមកម្មវិធី​ACWAY នេះ ត្រូវបានធ្វើឡើងតាមរយៈអនឡាញ នៅលើគេហទំព័រ acway.org ដែលដំបូងបេក្ខជនត្រូវដឹងពីសេចក្តីប្រកាស លក្ខណៈវិនិច្ឆ័យរបស់កម្មវិធី (ApplicationCriteria) និងថ្ងៃផុតកំណត់ស្នើសុំចូលរួម។ បន្ទាប់មកបេក្ខជនត្រូវបំពេញពាក្យ និងព័ត៌មានមួយចំនួនដូចជា ប្រវត្តិរូប ការសិក្សា ការងារអត្ថបទសំនេរមួយអំពីទស្សនៈរបស់អ្នកទៅលើភាពសុខដុមរមនានិងបញ្ហាក្នុងសង្គមដែលទាក់ទងនឹងកម្មវិធី អត្ថបទសំនេរមួយទៀតអំពីគម្រោងដែលអ្នកនឹងធ្វើក្រោយពេលបញ្ចប់កម្មវិធីឲ្យបានមុនថ្ងៃផុតកំណត់ស្នើសុំចូលរួម។

ដើម្បីស្នើសុំចូលរួម  ​ហ្ស៊ូលីដាបាន និយាយថា បេក្ខជនត្រូវតែចេះតាមដានពីកម្មវិធីតាមរយៈគេហទំព័រនិងបណ្តាញសង្គមហ្វេសបុករបស់គេ facebook.com/ACWAYProjectដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ចន្លោះខែឧសភា និងមិថុនា។ “រាល់បេក្ខជនដែលខ្ញុំបានជួបនៅក្នុងកម្មវិធីសុទ្ធតែជាអ្នកចេះឆក់ឳកាស ជាមនុស្សដែលចេះក្រឡេកមើលទៅពិភពខាងក្រៅ និងចេះក្តាប់ឱកាសមិនមែនជាមនុស្សដែលអង្គុយរង់ចាំតែជាប់ពីកម្មវិធីនោះទេ។” កញ្ញាក៏បានស្នើឲ្យយុវជនកម្ពុជាទាំងអស់ឲ្យមានភាពសកម្មស្របពេលដែលកំពុងអភិវឌ្ឍខ្លួនឯង។

ហ្ស៊ូលីដាបាននិយាយថា “អ្វីដែលខ្ញុំចង់ឲ្យពិភពលោកបានដឹងនិងនាំយកទៅពិភាក្សានៅលើតុប្រជុំនោះគឺថាប្រទេសកម្ពុជាគឺជាគំរូមួយដ៏ល្អនៃភាពសុខដុមរមនាបែបសាសនា​ ខណៈពេលដែលមានប្រទេសជាច្រើនក្នុងពិភពលោកកំពុងមានការបង្ហូរឈាមគ្នាដោយសារតែជម្លោះសាសនានេះឯង។” នៅក្នុងប្រទេសកម្ពុជា មានអ្នកកាន់សាសនាខុសៗគ្នាជាច្រើនកំពុងរស់នៅយ៉ាងសុខសាន្តជាមួយនឹងអ្នកកាន់ពុទ្ធសាសនាដទៃទៀតដែលជាសាសនារបស់រដ្ឋ។រដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមលើកស្ទួយនូវការរួបរួមគ្នាបែបសាសនានេះដោយផ្តល់សេរីភាពជូនទៅដល់សាសនិកទាំងឡាយដែលមានជំនឿផ្សេងៗគ្នា។

“ប្រជាជនមូស្លីមនៅកម្ពុជាមានទំនាក់ទំនងយ៉ាងល្អជាមួយពុទ្ធសាសនិកកម្ពុជាពិសេសប្រសិនបើប្រៀបធៀបទៅនឹងសហគមន៍អ្នកកាន់និងមិនកាន់សាសនាមូស្លីមដែលកំពុងរស់នៅជិតខាងនៃផ្នែកដទៃផ្សេងទៀតក្នុងពិភពលោក។”

ហ្ស៊ូលីដាមានការរំពឹងទុកមួយក្រោយពីការបញ្ចប់កម្មវិធីនេះថានាងនឹងសាបព្រួស បង្កើនការយល់ដឹងផ្នែកអន្តរសាសនាលុបបំបាត់នូវការយល់ខុសទៅលើសាសនាណាមួយ និងសង្កត់ធ្ងន់ទៅលើរបៀបដែលសាសនានីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃតាមរយៈគម្រោងថ្មីៗរបស់កញ្ញាក្នុងសា្មរតីនៃភាពសុខដុមរមនាក្នុងសង្គម។

ជាចុងក្រោយ ហ្ស៊ូលីដាចង់ផ្តាំផ្ញើទៅដល់យុវជនដទៃផ្សេងទៀតទាក់ទងនឹងភាពជាអ្នកដឹកនាំថាត្រូវតែមានភាពប្រាកដប្រជានៅក្នុងខ្លួន ត្រូវផ្តោតទៅលើអ្វីដែលអ្នកចង់ធ្វើចេះដាក់បន្ទាបខ្លួន និងចេះជួយសហគមន៍ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ “ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនត្រូវភ្លេចពីការចំណាយពេលវេលាល្អមួយសម្រាប់ក្រុមគ្រួសាររបស់អ្នកព្រោះពួកគេគឺជាកម្លាំងចិត្តមួយដ៏ធំធេងក្នុងការសម្រេចអ្វីមួយ៕”

អត្ថបទដោយ ងី សុវណ្ណរដ្ឋានី